កំពង់ចាម៖ ជនសង្ស័យចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម និងដោយបានការអនុញាតិពីលោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រើវិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យសរុបបានចំនួន ០៧នាក់។
ជនសង្ស័យទី១.ឈ្មោះ មៀក ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន១៨កញ្ចប់)។ ទី២.ឈ្មោះ ស៊ន ចាន់ថន ហៅខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដូនឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្រោយមកក៏មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនបានទូរស័ព្ទមកទិញថ្នាំញៀនពីជនសង្ស័យខាងលើ ភ្លាមនោះសមត្ថកិច្ចយើងក៏បានបន្ដទៅឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ទៀត។ ទី៣.ឈ្មោះ ស៊ុង សម្បត្តិ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិទួលខ្ពស់ ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ទី៤.ឈ្មោះ តុល ម៉េងហួ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ទី៥.ឈ្មោះ អោ អាយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឈើបាក់ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ទី៦.ឈ្មោះ មឿន ចាន់ដា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ផ្អែកតាមការស្រាវជ្រាវសមត្ថកិច្ចយើងបានដឹងថាមានមុខសញ្ញាជួញដូរថ្នាំញៀនបានយកថ្នាំញៀនមកពីភ្នំពេញ ពេលនោះសមត្ថកិច្ចយើងបានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ទៀត ទី៧.ឈ្មោះ ឯម ពៅ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៧កញ្ចប់)។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមានៈ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ២៥កញ្ចប់ (ធំ០១កញ្ចប់) និងទូរស័ព្ទចំនួន ០៧គ្រឿង។
បច្ចុប្បន្នកម្លាំងជំនាញរបស់ខេត្តកំពុងសាកសួរយកចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕