Warsaw -Poland
មេដឹកនាំប៉ូឡូញ មានផែនការនឹងជួបជជែកជាបន្តបន្ទាប់នៅជុំវិញអឺរ៉ុបអំពីសម្ពាធនៃជនអន្តោរប្រវេសន្ត៍នៅលើព្រំប្រទល់សហគមន៍អឺរ៉ុបជាមួយនឹងបែលឡារុស ជាវិបត្តិដែលលោករំពឹងថា វានឹងកើតមានជាបន្ត។ លោកនាយករដ្ឋមន្ត្រី Mateusz Morawiecki បាននិយាយថា លោកបានជួបប្រជុំកាលពីថ្ងៃអាទិត្យជាមួយនឹងសមភាគីរបស់លោក ដែលជាសមាជិកសហគមន៍អឺរ៉ុបមកពី Lithuania Latvia និង Estonia ដែលបានទទួលរងនូវការប៉ះពាល់លើបញ្ហាជនអន្តោរប្រវេសន្ត៍មកពី បែលឡារុសដែរ។ នៅក្នុងសប្តាហ៍នេះលោកនឹងធ្វើដំណើរទៅកាន់ប្រទេសអឺរ៉ុបដ៏ទៃទៀត តែលោកមិនបានបញ្ចេញឈ្មោះ។
Morawiecki បាននិយាយនៅក្នុង Facebook របស់លោកថា "វាជាស្ថានភាពភូមិសាស្រ្តដ៏ធ្ងន់ធ្ងរ" និងទាមទារឲ្យមានការខិតខំប្រឹងប្រែងខាងការទូត ខណៈដែលជនអន្តោរប្រវេសន្ត៍ដែលមកពីមជ្ឍឺមបូព៌ា នៅតែស្ថិតនៅក្នុងបែលឡារុស ហើយនឹងបន្តប៉ុនប៉ងសម្រុកចូលមកក្នុងប៉ូឡូញដែលជាសមាជិកអឺរ៉ុប។ ការប៉ុនប៉ងថ្មីៗនេះបានកើតឡើងកាលពីយប់ថ្ងៃសុក្រ ដែលពួកជនអន្តោរប្រវេសន្ត៍ បានចោលដុំថ្ម និងប្រើឧស្ម័នបង្ហូរទឹកភ្នែកប្រឆាំងនឹងឆ្មាំយាមតាមព្រំប្រទល់និងប៉ូលីស, បើយោលទៅតាមឆ្មាំព្រំប្រទល់ប៉ូឡូញ។
“ហេតុដូច្នេះហើយ បានជាខ្ញុំត្រូវរៀបចំចេញដំណើរទៅកាន់ប្រទេសអឺរ៉ុបមួយចំនួន ដើម្បីជជែកអំពីវិបត្តិអន្តរជាតិដែលបង្កឡើងដោយទង្វើររបស់ប្រធានាធិបតីបែលឡារុស Alexander Lukashenko” , Morawiecki បាននិយាយ។ "ជាអកុសល មានសញ្ញាជាច្រើនបានបង្ហាញថា វិបត្តិភូមិសាស្ត្រនេះនឹងបន្តទៅទៀតជាច្រើនខែ អាចដល់ឆ្នាំ" លោកបាននិយាយយ៉ាងដូច្នេះ។
ក្រុមបស្ចឹមប្រទេសបានចោទប្រកាន់ Lukashenko ថាបានប្រើប្រាស់ជនអន្តោរប្រវេសន្ត៍ជាកូនអុកដើម្បីបង្កឲ្យមានអស្ថិរភាពសំរាប់សហគមន៍អឺរ៉ុប ដែលជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មមកលើរបបអត្តាធិបតេយ្យរបស់ខ្លួន។ បែលឡារុសបានបដិសេធថា ខ្លួនជាអ្នកបង្កើតនូវវិបត្តិនេះ ដែលគេបានឃើញជនអន្តោរប្រវេសន្ត៍ចូលមកក្នុងប្រទេសចាប់តាំងពីរដូវក្តៅ ហើយបានព្យាយាមឆ្លងកាត់ចូលទៅក្នុងប្រទេស Poland, Lithuania និង Latvia ។
ប៉ូឡូញបានរុញច្រានជនអន្តោរប្រវេសន្ត៍ត្រឡប់ទៅវិញ ដោយបាននិយាយថា គឺជាការការពារនូវព្រំប្រទល់ទាំងអស់របស់អឺរ៉ុប ព្រមទាំងបានទទួលនូវពាក្យសំដីក្នុងការគាំទ្រ ពីសហគមន៍អឺរ៉ុប NATO និងសហរដ្ឋអាមេរិក។ ជនអន្តោរប្រវេសន្ត៍មួយចំនួនបានស្លាប់បាត់បង់ជីវិតនៅក្នុងព្រៃតាមព្រំប្រទល់៕