លោកមេធាវី អ៊ុំ រតនា កើតនៅឆ្នាំ១៩៧៨ នៅស្រុកសន្ទុក ខេត្តកំពង់ធំ ជាកូនទី២ ក្នុងគ្រួសារ ដែលមានឪពុកជាមន្ត្រីរាជការ និងម្តាយជាគ្រូបង្រៀន ហើយដែលមានបងប្អូនប្រុសទាំងអស់៤នាក់។
លោកមេធាវីបានបញ្ចប់ថ្នាក់វិទ្យាល័យនៅវិទ្យាល័យកំពង់ធំក្នុងឆ្នាំ១៩៩៤ ហើយបានបន្តសិក្សានៅមហាវិទ្យាល័យនីតិ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ដោយសារកត្តាជីវភាព និងពុំមានបងប្អូនសាច់ញាតិរស់នៅរាជធានីភ្នំពេញ លោកមេធាវីបានសុំស្នាក់អាស្រ័យនៅជាមួយព្រះសង្ឃនៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ រហូតដល់បញ្ចប់ថ្នាក់មហាវិទ្យាល័យនេះ។ លោកមេធាវី អ៊ុំ រតនា បានទទួលបរិញ្ញាប័ត្រច្បាប់នៅក្នុងឆ្នាំ១៩៩៩ រួមជំនាន់ជាមួយនឹងឥស្សរៈជនជាន់ខ្ពស់មួយចំនួន ដូចជា ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឥស្សរៈជនជាន់ខ្ពស់ និងមេធាវីមួយចំនួនទៀតផងដែរ។
ក្រោយពីបានទទួលនូវបរិញ្ញាប័ត្រច្បាប់ លោកមេធាវី ត្រូវបានជ្រើសរើសដោយអង្គការកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (ហៅកាត់ថា UNDP) និងអង្គការសហអន្តរសភា (ហៅកាត់ថា IPU) ជាអ្នកឯកទេសច្បាប់ប្រចាំនៅព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបានចូលបម្រើការងារនៅក្នុងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៅឆ្នាំ២០០១។
ឆ្លៀតឱកាសពីការងារនៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា លោកមេធាវីក៏បានបន្តសិក្សាបន្ថែមក្រៅម៉ោងនៅវិទ្យាស្ថានភាសាបរទេស នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ រហូតទទួលបានបរិញ្ញាប័ត្រអក្សរសាស្រ្តភាសាអង់គ្លេសនៅឆ្នាំ២០០៤។
នៅឆ្នាំ២០០៤ ដដែលនេះដែរ លោកមេធាវីក៏បានប្រលងជាប់ទទួលអាហារូបករណ៍ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យជាតិយូកូហាម៉ា ប្រទេសជប៉ុន រហូតទទួលបានសញ្ញាប័ត្រអនុបណ្ឌិតច្បាប់អន្តរជាតិ និងច្បាប់ពាណិជ្ជកម្មក្នុងឆ្នាំ២០០៧។
ក្រោយពីបានវិលត្រលប់មកមាតុប្រទេសវិញនៅដើមឆ្នាំ២០០៧ លោកមេធាវីបានបន្តបំរើការនៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រហូតដល់ឆ្នាំ២០០៩ ហើយលោកមេធាវីបានចេញទៅបម្រើការងារផ្នែកច្បាប់នៅក្នុងវិស័យឯកជនមួយរយៈពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១១។
នៅឆ្នាំ២០១១ លោក អ៊ុំ រតនា ក៏ក្លាយជាមេធាវី ហើយបន្តបំរើការនៅក្នុងវិស័យឯកជន រហូតបន្ទាប់មកលោកមេធាវីបានបង្កើត ការិយាល័យមេធាវីរតនា និងសហការី ដោយខ្លួនឯងនៅឆ្នាំ២០១៤ រហូតដល់សព្វថ្ងៃ។
បន្ថែមលើការងារច្បាប់ និងវិជ្ជាជីវៈមេធាវី លោកក៏បានរួមចំណែកក្នុងផ្ទេរចែករំលែកចំណេះដឹង និងបទពិសោធន៍តាមរយៈការបង្រៀនច្បាប់នៅមហាវិទ្យាល័យនានា ជាភាសាខ្មែរ និងភាសាអង់គ្លេស នៅមហាវិទ្យាល័យ និងសាកលវិទ្យាល័យមួយចំនួនផងដែរ។
ផ្អែកតាមចំណេះដឹង និងបទពីសោធន៍ផ្នែកច្បាប់ លោកមេធាវីទទួលបានការតែងតាំងពីព្រះមហាក្សត្រ ជាទីប្រឹក្សាអមក្រសួងយុត្តិធម៌នៅឆ្នាំ២០២០។
តាមរយៈការសិក្សា និងការងារកន្លងមក លោកមេធាវីទទួលបានបទពិសោធន៍ច្រើនក្នុងការវិភាគ ផ្តល់ប្រឹក្សាលើសេចក្តីព្រាងច្បាប់ ការតាត់តែងកិច្ចសន្យា លិខិត ប្រឹក្សាលើកិច្ចការធុរកិច្ច វិនិយោគ និងការពារក្តីជូនអតិជននៅតុលាការគ្រប់ជាន់ថ្នាក់ជាដើម។
លោកមេធាវីក៏បានចែករំលែកនូវបទពិសោធន៍របស់ខ្លួន ទៅយុវជនជំនាន់ក្រោយដែរថា ដើម្បីទទួលបានភាពជោគជ័យក្នុងវីជ្ជាជីវៈច្បាប់ ឬវិជ្ជាជីវៈណាមួយក៏ដោយ គួរត្រូវចាប់យកនូវអ្វីដែលថ្មី មុនគេ ជាជាងធ្វើតាមគេ ក្រោយគេ ហើយត្រូវខិតខំស្វែងយល់ក្រេបជញ្ជក់យកនូវចំណេះដឹង វិជ្ជាជំនាញច្បាស់លាស់ ព្រោះចំណេះដឹង វិជ្ជាជំនាញនេះជាទ្រព្យមិនចេះរីងស្ងួត។ ជាពិសេសទៅទៀត នៅក្នុងបរិបទសាកលភាវូបនីយកម្ម ភាសា គឺជាជំនាញបន្ថែមមួយសំខាន់សម្រាប់ប្រកបការងារ និងវិជ្ជាជីវៈ។
ឆ្លៀតឱកាសពីការងារ លោកមេធាវីក៏បានចូលរួមចំណែកនៅក្នុងសកម្មភាពកិច្ចការងារទទួលសង្គម ធ្វើលំហាត់ប្រាណដើម្បីសុខភាព និងប្រគុំតន្រ្តីកំសាន្តផ្ទាល់ខ្លួនដែលជាចំណង់ចំណូលចិត្តផងដែរ៕