នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ក្នុងកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្ដី និងលោកជំទាវឯកអគ្គរដ្ឋទូត បានផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពពាណិជ្ជកម្មអន្តរជាតិទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ហើយបានពិភាក្សារលើការជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ផងដែរ។ ក្នុងនោះ កិច្ចពិភាក្សាបានធ្វើការកត់សម្គាល់ពីការរីកចំរើនជាបន្ដបន្ទាប់ និងឯកភាពបន្តលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរទ្បើងមួយកម្រិតទៀត ជាការពិសេស ការឈានទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋមន្រ្ដី បានជម្រាបជូនអំពីផលិតផលកសិកម្មសក្តានុពលរបស់កម្ពុជាដែលជាតម្រូវការក្នុងទីផ្សារឥណ្ឌា ហើយបានស្នើឱ្យភាគីឥណ្ឌាបង្កើនការវិនិយោគនៅកម្ពុជាជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនការនាំចូលបន្ថែមនូវម៉ាស៊ីនកសិកម្មផ្សេងៗ ជាដើម។ ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការគាំទ្រក្នុងការជំរុញធុរកិច្ចនិងវិនិយោគឥណ្ឌាមកកាន់កម្ពុជាបន្ថែម ហើយក៏បានលើកទ្បើងអំពីបំណងក្នុងការបង្កើតនូវវេទិកាផ្គូរផ្គងធុរកិច្ចរវាងភាគីទាំងពីរក្នុងពេលអនាគតដ៏ខ្លី ផងដែរ